ថ្ងៃព្រហស្បត្ត៏ ទី១ ខែតុលា ឆ្នាំ២០១៥ ម៉ោង ១៨:៣៦
រាជធានីភ្នំពេញ ៖
កម្លាំងកងរាជអាវុធខណ្ឌចំការមនបានធ្វើការឃាត់ខ្លួននិស្សិតឆ្នាំទី
៤ម្នាក់
ក្រោយពីជនសង្ស័យរូបនោះបានខ្ចីម៉ូតូម៉ាកអាខុន១គ្រឿងពី
មិត្តភក្តិម្នាក់ដែលធ្វើការជាមួយគ្នាប្រាប់ថា
ខ្ចីជិះទៅផ្ទះដើម្បីយកថ្នាំលេប បែរជាយកទៅលក់លេងល្បែងចាញ់អស់
ហើយត្រូវជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ។
យុវនិស្សិតជាជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១រំលង
អធ្រាត្រឈានចូលថ្ងៃទី០១ កញ្ញា ២០១៥ នៅក្នុងក្លឹប អេប៉េច
ដែលមានទីតាំងនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ។តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ស៊ឺន គីមហុង អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀននៅសកលវិទ្យាល័យកសិកម្មចំការដូង និងបម្រើការនៅក្នុងក្លិប អេប៉េច ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ។ ចំណែកយុវជនរងគ្រោះមានឈ្មោះ ហេង ម៉ាទីណេ អាយុ២០ឆ្នាំ ជាបុគ្គលិកក្នុងក្លិបខាងលើជាមួយជនសង្ស័យ មានទីលំនៅផ្ទះលេខ៨៤Eo ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយម៉ូតូដែលត្រូវជនសង្ស័យបោកយកទៅលក់បាត់នោះម៉ាកហុងដា អាយខុន ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1AN-6403 ។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា មុនពេលកើហេតុយុវនិស្សិតជាជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយប្រាប់ថា «ជិះទៅផ្ទះដើម្បីយកថ្នាំលេបមួយភ្លែត» បាត់ជាច្រើនម៉ោងមិនទើបឃើញត្រឡប់មកកាន់កន្លែងធ្វើការវិញ លុះពេលត្រឡប់មកដល់កន្លែងធ្វើការវិញមិនឃើញម៉ូតូ ត្រូវបានជនរងគ្រោះសួររកម៉ូតូរបស់ខ្លួន តែត្រូវជនសង្ស័យឆ្លើយថា ម៉ូតូទុកនៅឯផ្ទះជួលរបស់គេ ។ ដោយសារតែការជជីកសួររកម៉ូតូ ហើយជនសង្ស័យឆ្លើយរដិបរដុប ដោយការមិនទុកចិត្តនោះ ជនរងគ្រោះក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមន និងចុះមកធ្វើការឃាត់ខ្លួនទាំងយប់តែម្តង ។
ក្រោយពេលដែលធ្វើការឃាត់ខ្លួនយុវនិស្សិតជាជនសង្ស័យរូបនោះបាន ហើយ ក៏បានបញ្ជូនមកធ្វើការសាកសួរ ត្រូវបានជនសង្ស័យសារភាពថា ខ្លួនបានយកទៅលក់ និងលេងល្បែងតាមប្រព័ន្ធអ៊ីនធើណេតចាញ់អស់ហើយ ។
ក្រោយពីទទួលបានការសារភាពរួចហើយ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌក៏ធ្វើកំណត់ហេតុបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមច្បាប់ជាបន្តទៅទៀត ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE


0 comments:
Post a Comment